Tuesday, November 6, 2012

ភ្លាសាច់គោ

ម្ហូបម្យ៉ាងដែលមានពណ៌ឆើតចម្រុះគ្នាទាក់ទាញភ្នែករសជាតិប្លែកនៃភ្លាសាច់គោ
នេះជាម្ហូប ផ្សំពីសាច់ឆៅ ច្របាច់ក្រូចឆ្មារ បន្ថែមដោយជាតិជូររបស់ស្ពឺ ជាតិចត់ៗនៃចេកខ្ចី ក្លិនក្រអូបរបស់ខ្ទឹម និងក្លិនឈ្ងុយនៃល្ងលីង។

ក-គ្រឿងផ្សំ

សាច់កូនគោ ចេកខ្ចី ស្ពឺខ្ចី 
ខ្ទឹមបារាំង ខ្ញី ខ្ទឹមក្រហម ឃីនឆាយ គ្រឿងគ្រៅ ក្រូចឆ្មារ ម្ទេស ស្ករ អំបិល ម្រេច ល្ង។


ខ-របៀបធ្វើ

ខ្ទឹមបារាំងហាន់ស្ដើងៗ លាយនិងទឹកក្រូចឆ្មារ លាយស្ករស។ ខ្ទឹមក្រហមបកសម្បកហាន់ស្ដើងៗ បំពងនិងប្រេងឆា ហើយស្រង់ឡើងទុកមួយអន្លើ។ ខ្ញីចិតសម្បកហើយហាន់សរសៃតូចៗ។ ល្ងលីងឱ្យឈ្ងុយ។ ចេកខ្ចី ស្ពឺខ្ចីកាត់ទទឹងៗ ស្ដើងៗត្រាំជាមួយគ្នា ក្នុងទឹកត្រជាក់ (កុំឱ្យវាខ្មៅសម្បុរ) ហើយស្រង់ឡើងទុកមួយអន្លើ ឃីនឆាយកាត់ខ្លីៗល្មមហូប។ សាច់គោហាន់តូចៗល្មមៗមាត់ ច្របាច់ក្រូចឆ្មារឱ្យជូរពូតច្របាច់ឱ្យបាត់ក្លិនឆ្អាប។ លាយសាច់គោនិងចេក ស្ពឺ ខ្ញី បង់អំបិល ស្ករ មេ្រចល្មមៗតាមចូលចិត្ដ។ លាយឱ្យសព្វទុក ១៥នាទីក្រោយ លាយឃីនឆាយថែមចូល។ ពេលហូបដួសដាក់ចាន រោយម្ទេសហាន់និងល្ងលីង ពីលើជាមួយខ្ទឹមបំពង។

អាហារមួយមុខនេះ ត្រូវមានជាតិជូរដើម្បីកាត់សាច់ឆៅ។ វាជាម្ហូបឆៅមិនអាចទុកយូរបានទេ។ អាចច្រលក់អំបិលមេ្រចក្រូចឆ្មារ ឬទឹកត្រីម្ទេស ហើយហូបផ្ទាប់និងនំបង្កងបំពងក៏បាន៕

ដក​ស្រង់​ចេញ​ពី៖​ 
https://www.facebook.com/photo.php?fbid=344994332263702&set=a.262308717198931.56907.262302363866233&type=1&theater

No comments:

Post a Comment