មុនដំបូង
ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល
ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ
។ ហើយគេយកកន្សែង ឬក្រមាតូចមួយមករុំមូរឆ្មូលរឹតឲ្យតឹងណែនល្អ
ទុកជាយបន្តិចសម្រាប់កាន់យួរបាន ហៅថា
កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា
គេលាក់កន្សែងក្រោយខ្នងអ្នកណា ។
សកម្មភាពរបស់អ្នកលេង
ដូចរូបភាពខាងក្រោមនេះ ៖
ល្បែងនេះ
មានត្រណមយ៉ាងតឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង
បើអ្នកណាមួយហ៊ានងាក ឬលូកស្ទាប់ខាងក្រោយខ្នង អ្នកលាក់គេមានអំណាចដាក់ទណ្ឌកម្មអ្នកនោះ
មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រចតែគេដាក់ទោសយ៉ាងណាតាមចិត្តគេស្ម័គ្រ
។ អ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ
២-៣ ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឲ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ
។ បើអ្នកដែលត្រូវគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គេរត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបានមុន
គេទុកអ្នកលាក់នោះជាឈ្នះ ត្រូវមានអំណាចរើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ
ហើយគេយកកន្សែងលាក់ត ។
តែបើអ្នកអង្គុយដឹងខ្លួនថា
គេលាក់ចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់ គេចាត់ទុកអ្នកអង្គុយនោះជាឈ្នះ
ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបាន
អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ ដើម្បីនឹងលាក់តទៅទៀត
គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល
។
គេលេងតែរបៀបនេះរហូតដល់ពេលឈប់
។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួន
ខ្លួនមិនដឹង រវល់តែគេគក់ខ្នងបានរាល់ពេល ។
ល្បែងនេះ
គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឲ្យមានប្រាជ្ញាវាងវៃ
ហាត់ទម្លាប់ខ្លួនប្រុងស្មារតីជានិច្ច ។
សំគាល់៖ អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភលើកដំបូងដោយ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។
សំគាល់៖ អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភលើកដំបូងដោយ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។
No comments:
Post a Comment