Friday, July 13, 2012

ល្បែងស្តេចចង់ ឬ ល្បែងអៀវ

           ល្បែងស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិ-ស្រុក ទូទាំង​កម្ពុជ​រដ្ឋ​តែង​តែ​លេង​នៅ​ពេល​ទំនេរ​ក្នុង​វេលា​យប់​ខែ​ភ្លឺ។ អ្នក​លេង​មាន​ប្រុស​មាន​ស្រី​ច្រើន​នាក់​មិន​កំណត់​។ ពេល​លេង​គេ​ចែក​គ្នា​ជា ២ពួក​ ប្រុស​ ១ ពួក​ ស្រី ១ ពួក។ ក្នុង​បណ្តា​អ្នក​ទាំង​ ២ ពួកនោះ គេ​តាំង​ប្រុស​ឬស្រី​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ ឲ្យ​អង្គុយ​នៅទីមួយចំ​កណ្តាល​ទី​ លើកៅ​អី​ឬ​លើវត្ថុ​អ្វី​មួយ​ មាន​ត្បាល់​ជា​ដើម​។
            សកម្ម​ភាព​របស់​អ្នក​លេង​ ដូច​រូប​ភាពនេះ៖



            កាល​អ្នកធ្វើស្តេច​អង្គុយ​លើ​ទី​ដ៏​សម​គួរ​មួយ​ហើយ​, ខាង​ស្រី​គេ​ឲ្យ​ស្រី​ម្នាក់​ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្តេច​ថា​ ខ្លួនស្រឡាញ់ឈ្មោះ​ណាមួយ ឧបមាថា​ឈ្មោះ​ ក ឬ ខ ខ្សឹប​ហើយ​គេថយ​មក​អង្គុយ​ ឬក៏មក​ឈរ​នៅកន្លែង​ដើម​វិញ។​
ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ម្នាក់​ដើរ​ចូល​ទៅ​រក​ស្តេច​ដែរ​ ប្រសិន​ជា​មិន​ចំ​ឈ្មោះ​ដែល​គេ​ខ្សឹប​ទុក​ជា​មុន​ទេ​ក៏​ហីទៅ​ តែ​បើ​ប្រុស​ដែល​មក​នោះ​ចំ​លើ​ឈ្មោះ​ដែល​ស្រី​គេ​បាន​ខ្សឹប​នោះ​មែន ស្តេច​ស្រែក​ថា «អៀវៗ» ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​នៅ​កន្លែង​ខាង​ស្រី។ រួច​ហើយ​ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ខាង​គេម្នាក់​ចូល​ទៅខ្សឹប​ម្តង, បើប្រុស​នោះចូលទៅ​ខ្សឹបថា​ «ខ្ញុំស្រឡាញ់នាង​ណាមួយ» ឧបមាថា​ឈ្មោះ «ខ» ខ្សឹប​ហើយ​គេថយ​ទៅ​វិញ បើ​ស្រីម្នាក់​ឈ្មោះ «ខ» ចូល​ទៅមែន ស្តេច​ស្រែក​ថា​ «អៀវៗ» ហើយ​ឲ្យ​ប្រុស​នោះជិះ​ស្រីនោះ​ ស្រែក​ថា​ «អៀវៗ» ដូចគ្នា​។​ បាន​សេចក្តី​ថា បើ​ខាង​ណា​ចូល​ទៅ​ខ្សឹប​ថា​ ខ្លួន​ស្រឡាញ់​ឈ្មោះ «ក» ហើយបែរជា​ឈ្មោះ «ខ» ចូល​មក​រក​ស្តេច​វិញ​ នោះ​ស្តេច​មិន​ឲ្យ​អ្នក​ខ្សឹប​ជិះ​ឬ​អៀវ​គេទេ អ្នក​ខ្សឹប​នោះ​ត្រូវ​ថយ​ទៅ​វិញ ហើយ​គេ​ឲ្យ​ម្ខាង​ចូល​ទៅ​ខ្សឹប​ជា​ថ្មី​ទៀត​។ ចេះ​តែ​ផ្លាស់​គ្នា​តាម​របៀប​នេះ​រហូត​ដល់​ពេល​ឈប់។
            អ្នក​ដែល​ធ្វើជា​ស្តេច​ត្រូវ​មើល​ការ​ខុស​ត្រូវ​ក្នុង​រឿង​នេះ​ ដោយ​សច្ចៈ​និង​យុត្តិធម៌។
            ល្បែង​នេះ​ស្រេច​លើ​អ្នក​ធ្វើ​ស្តេច​ បើ​អ្នក​ធ្វើ​ស្តេច​ប្រកប​ដោយ​អគតិ​ ចង់​ឲ្យ​អ្នក​ណា​ជិះ​អ្នក​ណា​ ក្រៅ​ពី​ឈ្មោះ​ដែល​គេ​ខ្សឹប​ក៏​បាន គឺថា​បើ​ម្នាក់​ចូល​ទៅ​ខ្សឹប​ថា​ស្រឡាញ់​ឈ្មោះ​ «ក» ហើយ​ទោះ​បី​ឈ្មោះ​ «ខ»​ ចូល​មក ស្តេច​ស្រែក​ថា​ «អៀវ» ទៅក៏ចេះ​តែ​បាន ព្រោះ​អ្នក​ចូល​ទៅ​ក្រោយ​មិន​បាន​ឮ​អ្នក​មុន​គេ​ខ្សឹប​ថា​ស្រឡាញ់​ឈ្មោះ​ណាៗ​ទេ។ តែ​បើ​មាន​របៀប​លេង​លំអៀង​បែប​នេះ​ អ្នក​លេង​ណា​ដែល​ចាប់​ថ្នាក់​បាន​តវ៉ា​ឡើង អាច​សុំ​គេឲ្យ​ប្តូរ​អ្នក​ធ្វើ​ស្តេច​បាន​ ប្រសិន​បើ​អ្នក​ធ្វើ​ស្តេច​ប្រកប​ដោយ​សច្ចៈនិង​យុត្តិធម៌នោះ​ការ​លេង​នេះ​ទៀង​ទាត់​ណាស់។
            ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​ក៏ពិតមែន តែ​ជា​ល្បែង​ហាត់​ចិត្ត​មនុស្ស​ឲ្យ​ប្រកប​ដោយ​សច្ចៈ​និង​យុត្តិធម៌ មិន​ឲ្យប្រកប​ដោយ​អគតិ (សេចក្តី​លំអៀង) ៤ យ៉ាងគឺ ឆន្ទៈគតិ លំអៀង​ព្រោះ​ស្រ​ឡាញ់, ទោសា​គតិ​ លំអៀង​ព្រោះ​ខឹង, ភយាគតិ លំអៀង​ព្រោះ​ខ្លាច, មោហាគតិ លំលៀង​ព្រោះ​ភ័ន្ត​ច្រឡំ។ មួយយ៉ាង​ទៀត ជាការបង្ហាត់​ឲ្យ​មនុស្ស​ចេះ​ជ្រើស​តាំង​គ្នា​ឲ្យ​ធ្វើការ​ជា​តំណាង​ភ្នែក​ច្រមុះ​ខ្លួន​ផង គឺ​ត្រូវ​ចេះ​ជ្រើស​រក​នរណា​ដែល​គេ​យល់​ថា​ជា​មនុស្ស​ត្រឹម​ត្រូវ​បរិសុទ្ធ​ ធ្វើការ​បាន​ល្អ​តាម​គន្លង​ធម៌ពិត។

សំគាល់៖ អត្ថ​បទដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

No comments:

Post a Comment