ឈូងមាន ២ បែប៖
១-ឈូងច្រៀងរាំ
១-ឈូងច្រៀងរាំ
មុនដំបូងពួកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី,
ពួកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ
ហើយគេផ្តើមបោះទៅឲ្យខាងប្រុសវិញ, ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី។
កាលចាប់បានហើយ ចោលសំដៅទៅពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ
រួចគេចាប់ផ្តើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស
ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដែទទេរាំតាមក្រោយ
ហើយច្រៀងជាទំនុកថា «ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ»។ ពួកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា
«ឱណាកែវ
កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅឲ្យប្រុសៗទទួលយក ហើយក៏ផ្តើមបោះឈូងនោះទៅឲ្យពួកខាងស្រីចាប់វិញ។
បើពួកស្រីចាប់ឈូងបានក៏ចោលឈូងសំដៅទៅពួកប្រុស
បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំឈូងទៅជូនស្រី ដោយច្រៀងជាទំនុកថា
«បងចាប់ឈូងបាន
បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ» ។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា
«ឱណាកែវ
កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ !» ហើយក៏ហុចឈូងនោះទៅឲ្យពួកស្រីៗទទួលយក ទើបផ្តើមបោះតទៅទៀត។
២-ឈូងលោះខ្ញុំ ដើមដំបូងខាងប្រុសគេផ្តើមច្រៀង ១ ទំនុកជាមុន។ ឯទំនុកច្រៀងឈូងមានច្រើនបែប
ប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែទំនុកធម្មតា
ដែលអ្នកលេងឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូនអើយ
កំពស់ចុងដូង (ស្ទួន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង» ឬថា «បងបោះឈូងទៅ
ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង» ។ល។ ច្រៀងហើយគេស្រែកប្រាប់ថា
«ឈូងអើយ
ឈូង!» ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឲ្យពួកស្រីៗចាប់។
ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ត បើចោលទៅត្រូវប្រុសណា
គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិនត្រូវទេ ខាងប្រុសគេចាប់ឈូងនោះចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ
បើខាងប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកមុននោះ
ត្រូវបានរួចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវខាងស្រីដដែល។
បើខាងណាប៉ិនប្រសប់គេចោលយកខាងម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយគេផ្តើមលេងសាជាថ្មី
ដោយឲ្យខាងស្រីបោះឈូងទៅឲ្យខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះឈូងទៅឲ្យប្រុស
គេស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយទទួលឈូងប្អូន» ។ល។ ច្រៀងហើយគេស្រែកថា
«ឈូងអឺយ
ឈូង !» ហើយគេបោះឈូងទៅលើពួកប្រុសៗ។
ឯខាងប្រុស
បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់
គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសាជាថ្មី។
មនុស្សដែលគេចាប់បាននោះជួនកាលគេចងមុខឲ្យជិត
លែងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្តសប្បាយ។
របៀបលេងបែបទី២
នេះជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន។
ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ
ហាត់ដែឲ្យត្រង់ផង ជាការកំសាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។
សំគាល់៖ អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភលើកដំបូងដោយ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។
No comments:
Post a Comment