Monday, October 21, 2013

បច្ចេក​ទេស​ថ្មី​នៃ​ការ​ដាំ​បន្លែ​សាឡាត់​ក្នុង​ទឹក​

រាជធានីភ្នំពេញ​ ៖ កសិដ្ឋាន​ដំបូង​បង្អស់​ដែល​នាំ​យក​នូវ​ប្រព័ន្ធ​ការ​ដាំ​បន្លែ​បែប​ទំនើប​ ហៅ​ថា​ (ហៃ​ដ្រូ​ ផូនិក)​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ។​ ហៃ​ដ្រូ​ ផូនិក​ គឺ​ជា​បន្លែ​ដោយ​ដាំ​មិន​ចាំ​បាច់​ប្រើ​ដី​ នេះ​ជា​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ដាំ​បន្លែ​ ជា​ពិសេស​មិន​ចាំ​បាច់​ប្រើ​បរិវេណ​ទី​ធា្ល​ធំ​ ហើយ​មិន​ប៉ះ​ពាល់​សារ​ធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ដី​ ធ្វើ​ឱ្យ​យើង​ទទួល​បាន​បន្លែ​ដែល​មាន​អនាម័យ​ល្អ​ ។ លើស​ពី​នេះ​ ធ្វើ​ឱ្យ​អ្នក​ទទួល​​​ទាន​មាន​សុខ​ភាព​ល្អ ។​
ទាក់​ទង​នឹង​បច្ចេក​ទេស​នេះ​ លោក​ ម៉ាន់​ សុផល​ ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​សាឡាត់​ក្នុង​ទឹក​ នៅ​ភូមិ​ថ្មី​ ឃុំ​តាខ្មៅ​ ស្រុក​តាខ្មៅ​ ឱ្យ​ដឹង​ថា​ ការ​ដាំ​បន្លែ​សាឡាត់​ក្នុង​ទឹក​ មាន​អត្ថ​ប្រយោជន៍​ច្រើន​ធ្វើ​ឱ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​នៃ​ការ​លូត​លាស់​របស់​បន្លែ​បាន​ល្អ​ជាង​ការ​ដាំ​បន្លែ​សាឡាត់​លើ​ដី​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​ទទួល​បាន​ទិន្នផល​ខ្ពស់​ និង​គុណ​ភាព​ល្អ​ជាង​ និង​ប្រើ​រយៈ​ពេល​ខ្លី​ជាង​ និង​ការ​ពារ​បន្លែ​មិន​ឱ្យ​មាន​មេរោគ​ឆ្លង​ពី​ដី​ មិន​ចាំ​បាច់​នឿយ​ហត់​ក្នុង​ការ​ធ្វើ​ដី​ឡើយ​ ។​ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ដាំ​បន្លែ​សាឡាត់​ក្នុង​ទឹក​ ដំបូង​លោក​មាន​ពូជ​ត្រឹម​តែ​២០​ជាង​ទៅ​៤០​ពូជ​ប៉ុណ្ណោះ​ ហើយ​សព្វ​ថ្ងៃ​នេះ​លោក​មាន​ដល់​ជាង​១០០​ពូជ​ ប៉ុន្តែ​សម្រាប់​ការ​សាក​ល្បង​ធ្វើ​ពេល​នេះ​បាន​ត្រឹម​តែ​៤០ពូជ​ជាង​តែ​ប៉ុណ្ណោះ​ ហើយ​គាត់​នឹង​ព្យាយាម​សាក​ល្បង​បន្តៗ​ទៀត​រហូត​ ។​

ចំពោះ​ការ​ប្រមូល​ផល​ យើង​ដាំ​បាន​រយៈ​ពេល​៤០​ទៅ​៤៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​យើង​បណ្តុះ​កូន​មក​ គឺ​អាច​ប្រមូល​ផល​បាន​ហើយ​ ហើយ​ការ​ប្រមូល​ផល​ខែ​ខ្លះ​បាន​១០០​គីឡូ​ក្រាម​ ខែ​ខ្លះ​ទៀត​បាន​៧០​គីឡូ​ក្រាម​ ការ​ប្រមូល​ផល​មិន​ទៀង​បែប​នេះ​ ដោយ​សារ​ជួន​កាល​អាកាស​ធាតុ​មិន​អំណោយ​ផល​ដូច​ជា​មេឃ​អត់​មាន​ពន្លឺ​ថ្ងៃ​ ធ្វើ​ឱ្យ​បន្លែ​ដាំ​ធំ​ធាត់​ ។ ចំណែក​តម្លៃ​លក់​លើ​ទីផ្សារ​វិញ​ លោក​មាន​ប្រសាសន៍​ថា​ បើ​លក់​តាម​ហាង​បារាំង​ខ្មែរ​ ក្នុង​១គីឡូ​ក្រាម​ តម្លៃ​៣ដុល្លារ​ សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​វិញ​ ១គីឡូ​ក្រាម​ ត្រឹម​តែ​១០.០០០​រៀល​ទេ​ ។ សព្វ​ថ្ងៃ​នេះ​ ការ​លក់​ពេល​ខ្លះ​អត់​គ្រប់​គ្រាន់​នឹង​តម្រូវ​ការ​របស់​អតិថិ​ជន​ផង​ ប្រសិន​បើ​យើង​ប្រៀប​ធៀប​ការ​លក់​កាល​ពី​ឆ្នាំ​២០១២​ ធៀប​នឹង​ឆ្នាំ​នេះ​ ការ​លក់​គ្មាន​ការ​ថយ​ចុះ​ឡើយ​ ។​
លោក​បាន​បន្ត​ទៀត​ថា​ កសិដ្ឋាន​ដែល​លោក​ដាំ​បន្លែ​ក្នុង​ទឹក​រាល់​ថ្ងៃ​នេះ​មាន​ផ្ទៃ​ដី​ទំហំ​ក្បាល​១០ម៉ែត្រ​ បណ្តោយ​៣០​ម៉ែត្រ​ ហើយ​ពូជ​បន្លែ​សាឡាត់​ ដែល​លោក​ដាំ​រាល់​ថ្ងៃ​ គឺ​នាំ​ចូល​ពី​ប្រទេស​ថៃ​ ។​ លោក​បាន​លើក​ឡើង​ទៀត​ថា​ បន្លែ​ដែល​គាត់​លក់​រាល់​ថ្ងៃ​នេះ​ គឺ​លក់​ឱ្យ​ហាង​បារាំង​ និង​អង្គ​ការ​តែ​ប៉ុណ្ណោះ​ មិន​ទាន់​បាន​ដាក់​លក់​នៅ​លើ​ផ្សារ​ទំនើប​ ឬ​ផ្សារ​ធំៗ​នៅ​ឡើយ​ទេ​ ដោយ​សារ​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​មិន​ទាន់​ស្គាល់​ពី​ប្រភេទ​បន្លែ​ដែល​ដាំ​ក្នុង​ទឹក​ ។​ បច្ចុប្បន្ន​កំពុង​តែមាន​ជន​ជាតិ​ជប៉ុន​ និង​កូរ៉េ​មួយ​ចំនួន​ចាប់​អារម្មណ៍​មក​ទាក់​ទង​ទិញ​បន្លែ​របស់​លោក ព្រោះ​ជន​បរទេស​ស្គាល់​ច្បាស់​ពី​បន្លែ​ដាំ​ក្នុង​ទឹក​៕

No comments:

Post a Comment